ជនសង្ស័យ៥នាក់ ក្នុងចំណោមបក្សពួក ១៥នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីហិង្សា”
ជនសង្ស័យ៥នាក់ ក្នុងចំណោមបក្សពួក ១៥នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីហិង្សា”
ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៧និង៣០នាទី មានករណីហិង្សា មានស្ថានទម្ងន់ទោស នៅចំណុចកាសុីណូ ណានហៃ ស្ថិតភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុខេត្តព្រះសីហនុ (ជាន់ទី៣ ហាងបាយ) ដែលបង្កឡើងដោយជនជាតិចិន២ក្រុម មិនទាន់ស្គាល់អត្តសញ្ញាណ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ឯកឧត្តមឧត្តមសេនីយ៍ឯកអគ្គស្នងការរងនិងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជារកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដោយមន្ត្រីនគរបាលបានពិនិត្យឃើញមានជនរងគ្រោះចំនួនពីរនាក់ ជាជនជាតិចិន ។
ទី១/ ឈ្មោះ LIN BOXIANG ភេទប្រុសកើត ឆ្នាំ១៩៩១ ជនជាតិចិន (រងរបួសធ្ងន់)
ទី២/ ឈ្មោះ HANG LIANG ភេទប្រុស កើតឆ្នាំ១៩៨៥ ជនជាតិចិន (រងរបួសបែកក្បាល)បញ្ចូនទៅសង្គ្រោះនៅមន្ទីពេទ្យឯកជនចិន ផុងជិ ភ្លាមៗ រីឯជនបង្កនិងបក្សពួករត់គេចខ្លួន។
ក្រោយពីមានហេតុការណ៍វាយតប់គ្នាទៅវិញទៅមកបានបង្កឲ្យជនជាតិចិនពីរនាក់ដេកស្ដូកស្ដឹង ម្នាក់រងរបួសធ្ងន់ ដោយត្រូវជនជាតិចិនម្ខាងទៀត ចាក់ត្រូវ១៦កាំបិត និងម្នាក់ទៀតបែកក្បាល សមត្ថកិច្ចបានបន្តស្រាវជ្រាវនិងស៊ើបអង្កេតជុំវិញកន្លែងកើតហេតុ រហូតដល់វេលាម៉ោង ២៣និង៤០នាទី នាថ្ងៃខែឆ្នាំដដែល ដោយមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដឹកនាំកម្លាំងនគរបាលជំនាញដោយលោក ឧត្តមសេនីយ៍ត្រីណុប បញ្ញា ស្នងការរងទទួលផែនបទល្មើសព្រហ្ម ទណ្ឌ បានសហការជាមួយអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ បានធ្វើការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីហិង្សាខាងលើចំនួន ១៥នាក់។
យោងតាមការស្រាវជ្រាវ ស៊ើបអង្កេតព្រមទាំងការបំភ្លឺពីជនបង្កទាំងពីក្រុម និងសាក្សីនៅកន្លែងកើតហេតុ សមត្ថកិច្ចជំនាញសន្មតថា ករណីនេះ ជាករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងករណីប៉ុនប៉ងមនុស្សឃាត (បង្កដោយក្រុមជនសង្ស័យចំនួន ២ ក្រុមបានវាយគ្នាទៅវិញទៅមក)
បច្ចុប្បន្នជនសង្ស័យ ៥នាក់ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ និងកំពុងបន្តស្វែងរកចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធដែលរត់គេចខ្លួន។
ពលរដ្ឋនិងមហាជនមានការងឿងឆ្ងល់ ចោទជាសំណួរថា ជនសង្ស័យដែលឃាត់ខ្លួនបាន ១៥នាក់ ត្រូវបញ្ជូនទៅកាន់សាលាដំបូងតែខេត្តព្រះសីហនុ ៥នាក់នោះទេ តើ ១០នាក់ទៀត យកទៅណា ?
សូមឯកឧត្តម ស្នងការនគរបាលខេត្តព្រះសីហនុ ជួយពន្យល់បន្ថែម ពាក់ព័ន្ធទៅនឹងជនសង្ស័យ ១០ នាក់ដែលមិនបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្ត ៕