ល្បែងជល់មាន់ដីផ្ទុះបើកកក្រើកទៀតហើយពេលនេះដែលជាហេតុនាំឲ្យមានអំពើហិង្សា និងអាចបណ្តាលមានភាពក្រីក្ររបស់ពលរដ្ឋ ខណៈដែលអាជ្ញាធរសមត្ថកិច្ចបានមានវិធានការ
ល្បែងជល់មាន់ដីផ្ទុះបើកកក្រើកទៀតហើយពេលនេះដែលជាហេតុនាំឲ្យមានអំពើហិង្សា និងអាចបណ្តាលមានភាពក្រីក្រ ខណៈដែលអាជ្ញាធរសមត្ថកិច្ចបានមានវិធានការ
ខេត្តកែប: នៅរយ:កាលថ្មីៗនេះយើងឃើញមានការបើកសៃវៀនមាន់ដីមួយដ៏ធំដែលមានមូលដ្ឋានទីតាំងស្ថិតនៅក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលជាទីកន្លែងសម្ងាត់ និងគៀងគរមនុស្សមកពីគ្រប់ទិសទីឲ្យចូលលេងយ៉ាងសប្បាយហោរកញ្ជ្រៀវដោយពុំខ្វល់ខ្វាយអំពីការព្រួយបារម្ភរបស់ក្រុមគ្រួសារ នឹងអាចឈានដល់ការមានអំពើហិង្សា អស់លុយកាក់ និងអសន្តិសុខកើតឡើងដោយប្រការណាមួយ។
ជាការពិតការលេងល្បែងមាន់ជល់ដែលនៅទីតាំងខាងលើនេះវាបានបង្កឲ្យមានការរាំងស្ទះនៅក្នុងការអភិវឌ្ឍន៍ប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជាមួយផ្នែកផងដែរ បន្ថែមលើសពីនោះដោយសារអ្នកលេងល្បែងឬក៏និយាយបានថាអ្នកញៀនល្បែងមួយចំនួនទាំងអ្នកមានលុយ អ្នកអត់លុយក្តីខិតខំស្រវ៉េស្រវ៉ាដើរខ្ចីបុលលុយពីមួយទៅមួយក៏មាន អ្នកខ្លះយកទ្រព្យសម្បត្តិទៅបញ្ចាំដើម្បីតែយកលុយមកចាក់ភ្នាល់ដើម្បីលេងល្បែងមាន់ជល់ដី។ ជាងនេះទៅទៀតក្រុមគ្រួសារមួយចំនួនក៏នឹងអាចប្រឈមមុខអាចជួបបញ្ហាអត់ឃ្លានដោយសារលុយដែលបានមកខំសន្សំទុកបែរជាមានអ្នកយកទៅលេងល្បែងមាន់ជល់មាន់ដោយធ្វើឲ្យក្រុមគ្រួសារមួយចំនួនខ្វះមុខខ្វះក្រោយ កូនៗត្រូវទៅសាលាដើម្បីសិក្សារៀនសូត្របែរជាគ្មានលុយទៅរៀន និងមានកត្តាជាច្រើនដែលជាហេតុរុញឲ្យភាពក្រីក្រម្ដងបន្តិចម្ដងៗដោយសារតែល្បែងមាន់ជល់ដីមួយនេះ ឬល្បែងផ្សេងៗទៀត។
យ៉ាងណាមិញចំពោះអាជ្ញាធរមូលដ្ឋានកម្លាំងសមត្ថកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋដែលតែងតែទទួលការបើកប្រាក់ខែចេញពីរាជការបែរជាមើលមិនឃើញនៅក្នុងតំបន់ជាកន្លែងលេងល្បែងមាន់ជល់នេះទៅវិញ សំណួរជាច្រើនបានចោទសួរក៏ប៉ុន្តែអ្វីដែលសំខាន់គឺជាការអនុវត្តច្បាប់ ហើយបើភូមិឃុំមានសុវត្ថិភាពទាំងប្រាំបួនចំណុចដែលជាគោលការណ៍របស់ក្រសួងមហាផ្ទៃដាក់ជូនឲ្យអនុវត្តទាំងមិនបានចាប់អារម្មណ៍នឹងយកទៅអនុវត្តនោះ តើអាជ្ញាធរសម្រាប់ដឹកនាំកិច្ចការមូលដ្ឋានលោកកំពុងធ្វើអីទៅវិញឬក៏លោកត្រូវរ៉ូវគ្នាដោយប្រការណាមួយ? នេះជាសំណួរដែលប្រជាពលរដ្ឋទូទៅចោទសួរ និងដាក់ចម្ងល់ដើម្បីឲ្យថ្នាក់ដឹកនាំខាងលើលោកមានវិធានការចំពោះតំបន់ទីតាំងដែលបានជម្រាបជូនខាងលើនេះ?
តែទោះបីជាភាពអសកម្មនៅចំណុចណាមួយមិនទាន់អនុវត្តបានគ្រប់ជ្រុងជ្រោយក៏ដោយយើងសង្ឃឹមថាក្រោមការដឹកនាំរបស់លោកអភិបាលនៃការអភិបាលខេត្តកែប និងឯកឧត្តមស្នងការខេត្តកែបនឹងអាចចាត់វិធានការជុំវិញករណីដែលបានលើកឡើងខាងលើនេះដោយក្តីគោរពពីប្រជាពលរដ្ឋ។សារព័ត៌មានរបស់យើងនឹងរង់ចាំមើលអំពីចំណាត់ការរបស់ថ្នាក់ដឹកនាំ និងដើម្បីយកព័ត៌មានទាំងអស់នេះជម្រាបជូនដំណឹងនេះត្រឡប់មកប្រជាពលរដ្ឋវិញដើម្បីឲ្យប្រជាពលរដ្ឋបន្តជឿជាក់នៅក្នុងការដឹកនាំរបស់ថ្នាក់ដឹកនាំខេត្តកែបក្នុងការចូលរួមចំណែកផ្ដល់ព័ត៌មានត្រឡប់ទៅវិញទៅមក។
សូមបញ្ជាក់បន្ថែមថានៅខណះយើងបានជម្រាបដំណឹងជូនដល់ថ្នាក់ដឹកនាំខេត្តកែបមិនបានប៉ុន្មានម៉ោងផង ឥឡូវត្រូវបានអាជ្ញាធរកម្លាំងសមត្ថកិច្ចចុះបង្ក្រាបទាន់ពេលវេលា។
ទាំងនេះគឺជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំខេត្តកែប ឱ្យប្រជាពលរដ្ឋនិងសហការដោយផ្ដល់ដំណឹងតាមរយៈអង្គភាពសារព័ត៌មាននេះបន្ថែមតទៅទៀតប្រសិនបើមានទីតាំងល្បែងស៊ីសងទាំងល្បែងមាន់ចូលមាន់ដី ឬក៏ល្បែងផ្សេងៗដទៃទៀត សូមអរគុណ។