រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល៖ លើកឡើងពីគម្រោងវិនិយោគវិស័យអគ្គិសនីចំនួន ២៣គម្រោង ក្នុងនោះមានគម្រោងប្រវត្តិសាស្ត្រលើកទី១ សម្រាប់កម្ពុជា ដើរដោយកម្លាំងខ្យល់
រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល៖ លើកឡើងពីគម្រោងវិនិយោគវិស័យអគ្គិសនីចំនួន ២៣គម្រោង ក្នុងនោះមានគម្រោងប្រវត្តិសាស្ត្រលើកទី១ សម្រាប់កម្ពុជា ដើរដោយកម្លាំងខ្យល់
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងអំពីគម្រោងវិនិយោគលើវិស័យអគ្គិសនី ចំនួន២៣គម្រោង ដែលមានតម្លៃប្រមាណ ៥៧៩០លានដុល្លារអាមេរិក ដែលគណៈរដ្ឋមន្ដ្រីដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុម័យកាលពីសប្ដាហ៍កន្លងទៅនេះ។
នៅក្នុងវេទិកាពិភាក្សាស្តីពី «គោលនយោបាយថាមពលកម្ពុជា» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងអំពីគម្រោងវិនិយោគលើវិស័យអគ្គិសនី ចំនួន២៣គម្រោង ដែលមានតម្លៃប្រមាណ ៥៧៩០លានដុល្លារអាមេរិក ដែលគណៈរដ្ឋមន្ដ្រីដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុម័យកាលពីសប្ដាហ៍កន្លងទៅនេះ។
ឯកឧត្តម កែវ រតនៈ បានអះអាងថា គម្រោងវិនិយោគដែលទើបគណៈរដ្ឋមន្ដ្រីអនុម័តនេះ មានគម្រោងមួយដែលជាគម្រោងប្រវត្តិសាស្ដ្រសម្រាប់ប្រទេសកម្ពុជា គឺការប្រើប្រាស់ថាមពលដើរដោយកម្លាំងខ្យល់។
ឯកឧត្តមបានបញ្ជាក់ថា គម្រោងទាំង២៣គម្រោងនេះ មានទុនវិនិយោគសរុបចំនួន ៥,៧៩០លានដុល្លារអាម៉េរិកមានអានុភាពសរុបចំនួន ៣៩៥០មេហ្គាវ៉ាត់ ដែលសុទ្ធតែជាថាមពលស្អាតមានរហូតដល់ ២១គម្រោង ពោលក្នុងនោះរួមមាន ថាមពលពន្លឺព្រះអាទិត្យ ឈរលំដាប់លេខ១, ថាមពលវារីអគ្គិសនី ឈរលំដាប់លេខ២ និងថាមពលខ្យល់ ឈរលំដាប់លេខ៣។
តាមការពិនិត្យ និងវិភាគលើលក្ខណៈបច្ចេកទេស សេដ្ឋកិច្ច និងសង្គម ការអភិវឌ្ឍគម្រោង ២៣ខាងលើ មានផលប្រយោជន៍ចំពោះព្រះរាជាណាចក្រកម្ពុជា ក្នុងការបំពេញប្រភពអគ្គិសនីឱ្យបានគ្រប់គ្រាន់និងទាន់ពេលតាមកំណើននៃតម្រូវការអគ្គិសនីដែលកើនឡើង ផ្តល់ប្រភពអគ្គិសនីដល់ប្រព័ន្ធបណ្តាញជាតិ ដើម្បីអាចធ្វើការផ្គត់ផ្គង់អគ្គិសនីមួយដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យ ដល់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅគ្រប់ទីកន្លែងនៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងទាំងនេះ និងបង្កើនការអភិវឌ្ឍប្រភពថាមពលក្នុងស្រុកបង្កើនការអភិវឌ្ឍថាមពលស្អាត ដែលរួមមាន ថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ថាមពលជីវម៉ាស ថាមពលវារីអគ្គិសនី ឱ្យបានជាអតិបរមា មានតម្លៃសមរម្យ ដើម្បីឈានទៅសម្រេចគោលដៅវិស័យថាមពលឆ្នាំ២០៣០ ឱ្យមានប្រភពថាមពលស្អាតយ៉ាងតិច ៧០% នៅក្នុងប្រភពថាមពលក្នុងស្រុកសរុប និងចូលរួមចំណែកក្នុងការសម្រេច ឱ្យបាននូវគោលដៅបរិស្ថានរបស់កម្ពុជា និងការប្តេជ្ញាចិត្តជាសកលរបស់កម្ពុជា ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់៕