អាជ្ញាធរមន្ត្រីពាក់ព័ន្ធបាននិយាយរុញដាក់គ្នាបន្ទាប់ពីផ្លូវមួយខ្សែបានសាងសង់រួចរាលើនៅឃុំស្វាយជ្រុំត្រូវខូចបែកក្រឡាពស់ថ្លាន់

អាជ្ញាធរមន្ត្រីពាក់ព័ន្ធបាននិយាយរុញដាក់គ្នាបន្ទាប់ពីផ្លូវមួយខ្សែបានសាងសង់រួចរាលើនៅឃុំស្វាយជ្រុំត្រូវខូចបែកក្រឡាពស់ថ្លាន់(វគ្គ១)

ខេត្តព្រៃវែង :បើយោងតាមការផ្តល់ប្រភពច្បាស់ការពីសាធារណជនទូទៅក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិស្វាយជ្រុំឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែងបានប្រាប់មកសារព័ត៌មានរបស់យើងឲ្យធ្វើការត្រួតពិនិត្យ និងជួយផ្សព្វផ្សាយប្រមូលព័ត៌មានទាំងអស់គោរពជូនរាជរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ដឹកនាំក្រោមជាតិដើម្បីជ្រាបជាដំណឹងអំពីផ្លូវមួយខ្សែដែលមានប្រវែងប្រមាណជាងមួយគីឡូម៉ែត្រជាគម្រោងមូលនិធិថ្នាក់ឃុំស្វាយជ្រុំ ខេត្តព្រៃវែង ត្រូវបានដេញថ្លៃឈានទៅដល់ការសាងសង់ដើម្បីអភិវឌ្ឍន៍គម្រោងផ្លូវមួយខ្សែនេះជូនទៅដល់ប្រជាពលរដ្ឋទូទៅងាយស្រួលធ្វើដំណើរ និងផ្តល់នូវតម្លៃក្នុងកិច្ចការនយោបាយដឹកនាំជាតិជូនពលរដ្ឋក្នុងតំបន់ និងមូលដ្ឋាន។

យ៉ាងណាមិញបន្ថែមពីនោះដោយមានការរៀបចំពីទីចាត់ការ និងផែនការវិនិយោគរបស់ថ្នាក់ខេត្តព្រៃវែងឱ្យមានការសាងសង់ផ្លូវនេះដែលមានកម្រាស់១.៥០សង់ទីម៉ែត្រ
(1.50CM) ប្រវែងបណ្ដោយ១៥០០ម៉ែត្រ
និងទទឹងប្រវែង៦ម៉ែត្រយោងតាមការបង្ហាញនូវព័ត៌មានច្បាស់ការថា
ការកសាងអភិវឌ្ឍន៍ផ្លូវមួយខ្សែនេះត្រូវបានស្ថាបនារួចរាល់បានប្រមាណតែជាងមួយខែប៉ុណ្តោះស្រាប់តែផ្លូវនេះបានជាខូចប្រេះទៅវិញ ដែលជាហេតុបណ្ដាលឱ្យសាធារណជនងឿយឆ្ងល់ហួសចិត្តដោយលាន់មាត់គ្រប់ៗគ្នាថាមូលនិធិរបស់រាជរដ្ឋាភិបាលតាមរយៈការជួយកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរចរាចរណ៍ទៅហើយនិងមក តែផ្ទុយមកវិញបែរជាការអភិវឌ្ឍក្នុងការសាងសង់ផ្លូវនេះត្រូវបានខូចទៅវិញ?
តើគុណភាពនៃការសាងសង់នេះនៅត្រង់ណា?

ជុំវិញព័ត៌មានដែលមានប្រភពផ្ដល់មកថាផ្លូវមួយខ្សែនេះមានប្រវែងប៉ុន្មាន១៥០០ ម៉ែត្រដែលជាមូលនិធិឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង គឺមានការទទួលខុសត្រូវពីឃុំស្វាយជ្រុំដាក់ឲ្យមានការដេញថ្លៃពីបុគ្គលឯកជនម្នាក់ឈ្មោះថា សូសុវណ្ណា ទទួលបន្ទុកសម្រាប់ការទទួលយកនៅលក្ខខណ្ឌនៃការដេញថ្លៃ ហើយត្រូវបានក្រុមហ៊ុនមានឈ្មោះថា ទ្រី ហេន ជាអ្នកសាងសង់លើគម្រោងផ្លូវនេះ និងមានការស្ថាបនាសាងសង់រួចរាល់ និងដាក់ឲ្យប្រើប្រាស់គិតត្រឹមមកដល់ថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២៤ មានរយៈពេលប្រមាណពីរបីខែហើយ។

ជុំវិញការកសាងផ្លូវមួយខ្សែខាងលើនេះ អាជ្ញាធរមន្ត្រីពាក់ព័ន្ធទាំងអស់នោះ អង្គភាពសារព័ត៌មាន សុីអេសភី ធីវីញូវស៍-CSP TV News ដែលមានគេហទំព័រ (www.csptvnews.com)បានធ្វើបទសម្ភាសន៍លោក ឡាយ សារ៉េត ជាមេឃុំស្វាយជ្រុំ កាលពីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សូមឱ្យលោកជួយជម្រាបមកថាតើមូលហេតុអ្វីបានជាផ្លូវនេះត្រូវបានខូចដូច្នេះ?ដោយចម្លើយយ៉ាងខ្លីពីលោកមេឃុំត្រឡប់មកវិញថា រឿងទាំងអស់នេះលោកមិនមែនជាអ្នកកាន់បញ្ជីស្នាមអីនោះទេ សូមសាកសួរទៅស្មៀនឃុំទៅ រួចក៏ចុចបិទទូរសព្ទដៃតែម្ដង សារព័ត៌មានរបស់យើងក៏បានធ្វើការទំនាក់ទំនងតាមរយៈលេខទូរសព្ទដៃទៅលោកស្មៀនឃុំស្វាយជ្រុំបន្តស្របគ្នានោះដែរទូរសព្ទដៃមិនត្រូវបានហៅចូលនោះទេ កាលពីសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ចំពោះការនិយាយប៉៉ុន្មានម៉ាត់របស់លោកមេឃុំស្វាយជ្រុំនោះសារព័ត៌មានរបស់យើងមិនមានធ្វើការបកស្រាយនោះទេគឺទុកឲ្យថ្នាក់ដឹកនាំ និងសាធារណជនទូទៅស្ដាប់ និងមានការពិចារណាតាមការគួរ។

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ផន សារ៉េត ដែលមានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលស្រុកមេសាងបានបញ្ជាក់មកសារព័ត៌មានយើងថាជុំវិញផ្លូវដែលបានសាងសង់បែរជាត្រូវខូចទៅវិញនោះគឺទុកឱ្យលោកមេឃុំស្វាយជ្រុំជាអ្នកទទួលខុសត្រូវដើម្បីបកស្រាយទៅ លោកសូមមិននិយាយឱ្យលើសពីអ្វីតាមសារព័ត៌មាននោះទេ ចំណែកឯក្រុមហ៊ុនដែលមានតួនាទីសាងសង់នោះគឺបានចុះកិច្ចព្រមព្រៀងជាមួយឃុំស្វាយជ្រុំ ហើយបើលោកមេឃុំស្វាយជ្រុំនិយាយថាឲ្យសាកសួរស្មៀនឃុំទៅវិញនោះ លោកនិយាយហាក់ដូចជាហាក់ដូចជាអស់សំណើចនិងមិនដឹងថាគាត់យល់យ៉ាងម៉េចដែរ។

សាធារណជនមួយចំនួនក៏បានលើកឡើងថានៅក្នុងស្ថានភាពដែលពិបាកនឹងកែតម្រូវផ្លូវដែលធ្វើរួចមកឱ្យល្អដូចការគិតនោះ គឺផ្ទុយពីការគូគំនូរលើក្រដាសស បើគូរទៅវាខុសឬខូចនោះយើងអាចផ្លាស់ប្ដូរក្រដាសសនោះឱ្យវានិងល្អដូចដើមបាន មានន័យថាបើសំណង់នៃការសាងសង់ផ្លូវនោះរួចរាល់ហើយដោយមិនការពារឬធ្វើតាមបទដ្ឋានBOQ ទេនោះច្បាស់ណាស់នឹងទទួលលទ្ធផលនៃផលប៉ះពាល់ទាំងផ្លូវខូចខាត និងទទួលបានការរិះគន់ពីសាធារណៈជនហើយ។


នៅថ្ងៃនេះផងដែរសារព័ត៌មានរបស់យើងក៏បានធ្វើការទំនាក់ទំនងបន្ថែមទៅលោក ហ៊ន សុផាត អភិបាលស្រុកមេសាងខេត្តព្រៃវែង ជុំវិញការខូចខាតផ្លូវបន្ទាប់ពីមានការសាងសង់រួចមិនបានប្រមាណជាងពីរបីខែ លោកបានជម្រាបតាមទូរសព្ទមកសារព័ត៌មានយើងថា ដោយសារផ្លូវនេះធ្វើរួចមិនទាន់ដល់អាយុកាលត្រូវឲ្យជិះក៏ទីតាំងនោះបើកឱ្យជិះ នេះបើតាមអ្វីដែលពលរដ្ឋបានជម្រាបប្រាប់លោកអភិបាលស្រុក ហើយលោកសូមឱ្យសាកសួរឃុំបន្ថែមជុំវិញរឿងការធ្វើផ្លូវនេះដែលឈានទៅដល់មានការខូចខាត ពីព្រោះជាគម្រោងការធ្វើផ្លូវនេះគឺរដ្ឋបាលឃុំទេដែលជាអ្នកទទួលខុសត្រូវ សូមឱ្យសាកសួរលោកមេឃុំស្វាយជ្រុំបន្ថែមទៀតទៅ។

សារព័ត៌មានរបស់យើងក៏បានបន្តធ្វើការទំនាក់ទំនងដើម្បីសាកសួរបន្ថែមដើម្បីឲ្យលោក ប៉ោ ពិឡុត ជានាយកទីចាត់ការផែនការវិនិយោគខេត្តព្រៃវែង ជួយបញ្ជាក់បន្ថែមជុំវិញនៃការសាងសង់ផ្លូវមួយខ្សែដែលស្ថិតនៅក្នុងភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ដោយឆ្លើយតបតាមរយៈទូរសព្ទដៃត្រឡប់មកសារព័ត៌មានយើងថា លោកពុំទាន់បានដឹង និងទទួលបាននូវព័ត៌មាននេះពីថ្នាក់មូលដ្ឋាននៅឡើយទេ ហើយលោកនឹងចាត់ឱ្យមន្ត្រីចុះពិនិត្យមើលជុំវិញករណីខាងលើនេះ។

សម្រាប់រាល់ការចុះផ្សាយនៅព័ត៌មានខាងលើនេះគឺជាព័ត៌មានពិតនិងរាល់នូវទិដ្ឋភាពនៃស្ថានភាពជាក់ស្ដែងហើយសារព័ត៌មានរបស់យើងរង់ចាំទទួលនូវប្រភពផ្សេងៗទៀតដើម្បីធ្វើការផ្សព្វផ្សាយបន្ថែមតទៅទៀតប្រសិនបើមាន សារព័ត៌មានរបស់យើងបានអនុវត្តកាតព្វកិច្ចការងារជាមួយសង្គមជាតិតាមរបៀបវិជ្ជាជីវៈនៃធម្មនុញ្ញអ្នកសារព័ត៌មាននៅកម្ពុជា សូមអរគុណ។