
ខ្សឹបឱ្យឮដល់ព្រះឥន្ទ តើនរណាថ្លើមធំហ៊ានយកអាចដ៌ដីមកចាក់បិទផ្លូវក្នុងតំបន់ដីកសិកម្មរដ្ឋដែលពលរដ្ឋធ្លាប់ចេញចូលនោះ ឥឡូវនេះទើតែដឹងថាគឺជាអ្នកមានឥទ្ធិពល
ខ្សឹបឱ្យឮដល់ព្រះឥន្ទ តើនរណាថ្លើមធំហ៊ានយកអាចដ៌ដីមកចាក់បិទផ្លូវក្នុងតំបន់ដីកសិកម្មរដ្ឋដែលពលរដ្ឋធ្លាប់ចេញចូលនោះ ឥឡូវនេះទើតែដឹងថាគឺជាអ្នកមានឥទ្ធិពល(វគ្គ២)
ខេត្តព្រៃវែង: បើយោងតាមប្រភពព័ត៌មានរបស់ប្រជាពលរដ្ឋមួយចំនួនបានជម្រាបប្រាប់ដំណឹងមកថាទីតាំងមួយនេះមានបុគ្គលមានអំណាចនៅក្នុងតំបន់នោះបានយកគ្រឿងចក្រដឹកដីមកចាក់លើផ្លូវដែលប្រជាពលរដ្ឋកំពុងតែធ្វើដំណើរទៅហើយនិងមកដោយប្រកបមុខរបររកសុីចេញចូលចំការ និងដឹកជញ្ជូនតាមផ្លូវនេះជារៀងរាល់ខែឆ្នាំស្ថិតនៅក្នុងទីតាំងវតំបន់នៃភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលមានកំណត់សម្គាល់យូធីអឹមលេខ.ដែលនៅមិនឆ្ងាយពីទីតាំងកន្លែងផលិតអាគុយរបស់ជនជាតិវៀតណាមមួយកន្លែង និងជាតំបន់ជាប់ព្រំប្រទល់ ភូមិវាលវែង ឃុំត្រស់ ស្រុករមាហែក ខេត្តស្វាយរៀង។
តាមការបញ្ជាក់បន្ថែមទៀតថាពួកគេឆ្ងល់អើយឆ្ងល់ថានៅសុខៗហេតុអ្វីបានជាយកគ្រឿងចក្រមកលុបបិទផ្លូវបណ្ដាលឱ្យអ្នកបើកបរមិនអាចធ្វើដំណើរចេញចូលបាន?
ហើយពួកគេក៏បានសាកសួរគ្នាពីមួយទៅមួយថាហេតុអ្វីបានគេចាក់បិទផ្លូវដូច្នោះ?អ្នកខ្លះគេថាទីតាំងកន្លែងនេះគឺជាកម្មសិទ្ធិរបស់អ្នកមានអំណាចនោះ។
ប្រជាពលរដ្ឋនៅតែបន្តបញ្ជាក់ទៀតថាប្រសិនបើជាកម្មសិទ្ធិរបស់គេចុះតើរាប់សិបឆ្នាំមកនេះហេតុអ្វីបានជាប្រជាពលរដ្ឋធ្វើដំណើរទៅហើយមកបាននិងគ្មានការហាមឃាត់ពីនរណានោះ? ហើយនៅក្នុងតំបន់នោះម្នាក់ៗគេថាគឺជាដីកសិកម្មទេ ចុះហេតុអ្វីត្រូវមានការគ្រប់គ្រងដោយបុគ្គលមួយចំនួនដូច្នោះទៅវិញ?
រឿងរ៉ាវទាំងអស់នេះមានអាថ៌កំបាំង និងមានរឿងស៊ីជម្រៅបន្ថែមជាងនេះទៅទៀតនេះបើយោងតាមអ្វីដែលពួកគេនៅបន្តអះអាង បើទោះបីជាយ៉ាងណាក៏ដោយដំរីងាប់មិនអាចយកចង្អេរទៅបាំងជិតបាននោះទេ យូរៗទៅគង់តែគេដឹង ហើយដីតំបន់កសិកម្មជាកម្មសិទ្ធិរបស់រដ្ឋនេះ បើថ្មីត្បិតតែមានបុគ្គលមួយចំនួនមានលុយ មានអំណាចទៅរំលោភ ឬទន្ទ្រានយកទីតាំងទាំងអស់នោះដើម្បីយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏សាធារណជនអាចវាយតម្លៃបានថា បើគ្មានការលូកដៃឬក៏ឃុបឃិតគ្នានោះទេច្បាស់ណាស់ដីកសិកម្មរបស់រដ្ឋនៅតែជាដីកសិកម្មរបស់រដ្ឋហើយថាតើមានមន្ត្រីឬអ្នកមានលុយមានអំណាចទាំងអស់នោះមានការជាប់ពាក់ព័ន្ធដែរឬយ៉ាងណា?
ប្រិយមិត្តលោកអ្នកនាងថ្នាក់ដឹកនាំជាទីគោរព សារព័ត៌មានរបស់យើងសុំធ្វើការបរិយាយអំពីការចាក់អាចម៌ដីបិទផ្លូវតែប៉ុណ្ណោះទេ ជុំវិញនារីការទន្ទ្រានដីធ្លីនៅក្នុងភូមិសាស្ត្រនេះយើងខ្ញុំសុំទោសមួយអន្លើសិន ហើយជុំវិញរឿងរ៉ាវទាំងអស់នេះសារព័ត៌មានរបស់យើងបានធ្វើការសាកសួរលោក កន សុភាព ដែលមានតួនាទីជាអនុភូមិត្បូងវត្ត ឬហៅថាភូមិមុឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីឲ្យលោកជួយបញ្ជាក់អំពីមូលហេតុនៃការចាក់ដីលើផ្លូវដែលប្រជាពលរដ្ឋធ្លាប់តែចេញចូលដឹកទំនិញក្នុងចម្ការទៅហើយនិងមក លោកអនុភូមិបានបញ្ជាក់ប្រាប់មកសារព័ត៌មានយើងថា លោកមិនបានដឹងរឿងនេះទាល់តែសោះ ថាមូលហេតុអ្វីបានជាមកចាក់លើផ្លូវនេះ។
សារព័ត៌មានរបស់យើងក៏សុំឲ្យលោកស្រី ក្រូច សាវ៉េន ដែលជាមេភូមិខាងលើបញ្ជាក់ថារឿងទាំងអស់នោះយ៉ាងណាដែរ? ក្នុងពេលនោះលោកស្រី ក្រូច សាវ៉េន បានបញ្ជាក់ច្បាស់ៗថារឿងអាចម៌ដីចាក់លើផ្លូវនោះ គឺលោកស្រីក៏មិនបានដឹងនោះដែរហើយលោកស្រីនឹងចាត់ឱ្យអនុភូមិឬក៏អ្នកដែលធ្វើការនៅក្បែរៗនោះដើម្បីពិនិត្យមើលផងដែរ ហើយលោកស្រីបន្ថែមថារឿងដីខាងលើនេះមានរឿងរ៉ាវច្រើនដែលពិបាកនឹងវែកញែកឲ្យអស់
ហើយលោកស្រីតបន្ថែមទៀតថា ដីនេះជាតំបន់ដីព្រៃឈើកន្លងមក ហើយក្រសួងកសិកម្មអនុញ្ញាតឱ្យមានការដាំរុក្ខជាតិអាកាស្យា បច្ចុប្បន្ននេះមានអ្នករុករានចូលយកមកកាន់កាប់ចែកគ្នាស្ទើរតែលែងមានអាកាស្យាទៅហើយ លោកស្រីមិនគាំទ្រការធ្វើទង្វើដូច្នោះនោះទេ។
ស្របគ្នានោះដែរសារព័ត៌មានរបស់យើងក៏សូមឲ្យលោក ស៊ូ ភួង ជាមេឃុំក្របៅជួយបញ្ជាក់អំពីការចាក់ដីលើផ្លូវដូចដែលការរៀបរាប់ខាងលើនោះដែរថាតើមូលហេតុអ្វីបានជាមានសកម្មភាពដូច្នេះ? លោកយល់យ៉ាងណាដែរចំពោះការចាក់ដីខាងលើនេះ? ខណៈពេលនោះលោកស៊ូភួង បានបញ្ជាក់មកសារព័ត៌មានយើងយ៉ាងច្បាស់ៗថា រឿងដីក្នុងតំបន់នេះកន្លងមកគឺជាដំដីតំបន់កសិកម្ម ចំពោះការចាក់អាចម៌ដីលើផ្លូវនេះលោកក៏មិនបានដឹងដែរ ហើយនៅក្នុងតំបន់នោះដីប្លង់ជាន់លើប្លង់ច្រើនណាស់ក៏កំពុងតែមានចំណាត់ការដោះស្រាយនៅថ្នាក់លើនោះផងដែរ។
ហើយឈ្មោះការចាក់ដីលើផ្លូវនោះមិនមានអ្នកណាមួយបានជម្រាបដំណឹងជូនគាត់នោះទេ ក្នុងនាមលោកជាអាជ្ញាធរលោកធ្វើអ្វីក៏ដោយក៏ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនោះដែរ។
សារព័ត៌មានរបស់យើងនៅតែបន្តធ្វើការសាកសួរទៅលោក ប៊ិន ជីវន្ត ជាអភិបាលស្រុកកំចាយមារ ខេត្តព្រៃវែង ដែលទើបតែឡើងកាន់តំណែងថ្មីៗនៅក្នុងស្រុកនេះ ថាលោកមានបានដឹងទេអំពីការចាក់ដីលើផ្លូវដែលប្រជាពលរដ្ឋធ្លាប់ឆ្លងកាត់ទៅហើយ និងមកដោយមានការដឹកបញ្ជូននៅដំណាំចំការផងដែរ?ហើយលោកយល់យ៉ាងណាដែរចំពោះការចាក់បិទផ្លូវនេះ?
លោក ប៊ិន ជីវ័ន បានបញ្ជាក់ត្រឡប់មកវិញថា លោកក៏មិនបានដឹងរឿងនោះដែរ ចាំលោកធ្វើការទំនាក់ទំនងទៅថ្នាក់មូលដ្ឋានខាងក្រោមមើលថារឿងនោះវាយ៉ាងណាដែរ ប្រសិនបើដូចនោះមែនលោកនឹងចាត់ឱ្យថ្នាក់មូលដ្ឋានចុះទៅជាបន្ទាន់ផងដែរបីធ្វើការស្រាវជ្រាវ និងសាកសួរថានរណាជាអ្នកចាក់? ទីបំផុតលោកបានចំណាយពេលមិនដល់មួយថ្ងៃផង លោកក៏បានផ្ដល់ព័ត៌មានវិញថាលោកបានរកឃើញអ្នកចាក់ហើយ ហើយលោកសុំមិននិយាយអំពីអ្នកណានោះទេ ក៏ប៉ុន្តែលោកក៏បានជំរាបមកសារព័ត៌មានយើងថា ការចាក់នោះគឺទុកអាចម៌ដីសម្រាប់ត្រៀមធ្វើបង្គោលដាក់លូដើម្បីការពារមិនឲ្យរថយន្តដឹកដីធំៗ និងគ្រឿងចក្រធំៗដឹកចេញចូលតាមផ្លូវនៅទីនោះ ហើយលោកក៏បានសម្របសម្រួលចំពោះអ្នកចាក់ថាឲ្យមានម៉ូតូឬរថយន្តតូចៗចេញចូលបានលើកលែងតែរថយន្តធំៗ។
សូមបញ្ជាក់បន្ថែមទៀតថាសាធារណជននៅតែមានចម្ងល់ឆ្ងល់ដដែលៗអំពីផ្លូវនេះកន្លងមកគឺជាការចំណាយថវិកាផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋដើម្បីសុំការចាក់ដីបានជាផ្លូវងាយស្រួលក្នុងការចេញចូលរបស់ប្រជាពលរដ្ឋ ហើយក៏មិនត្រូវមានបុគ្គលណាមួយដែលមានអំណាច មិនមែនជាអាជ្ញាធរថ្នាក់ឃុំស្រុកខេត្ត ហ៊ានធ្វើការបិទផ្លូវនោះទេ នេះប្រហែលជាគេមានតួនាទីបុណ្យស័ក្កិធំជាងថ្នាក់មូលដ្ឋានហើយមើលទៅ។
តែទោះជាយ៉ាងណាក៏ដោយ ក្រោមយុទ្ធសាស្ត្រឈ្នះឈ្នះរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស៊ួន សុម៉ាលីន អភិបាលខេត្តព្រៃវែង សូមមេត្តាជាតិជាព័ត៌មានអំពីដំណឹងខាងលើនេះ និងសូមធ្វើការស្រាវជ្រាវដោយក្តីគោរព។
បាទ! ប្រិយមិត្តពុកម៉ែមាមីងបងប្អូនទស្សនិកជនទាំងអស់ជាទីមេត្រី សារព័ត៌មានរបស់យើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងអំពីតថភាពសង្គមជាក់ស្ដែង និងមានការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការយ៉ាងណាជំរាបដំណឹងនេះដល់ថ្នាក់ដឹកនាំឲ្យបានជ្រាបជាដំណឹងតែប៉ុណ្ណោះ សារព័ត៌មានរបស់យើងក៏រង់ចាំទទួលដំណឹងអំពីប្រភពពាក់ព័ន្ធដទៃទៀតដើម្បីបញ្ជាក់ជាបន្តបន្ទាប់ផងដែរគ្រប់ពេលវេលាក្នុងម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន និងធ្វើការអនុវត្តនូវគោលការណ៍នៃធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជាផងដែរ។
ចេញផ្សាយដោយសារព័ត៌មាន CSP TV NEWS