អ្នកសារព័ត៌មាននៅកម្ពុជាសូមធ្វើសេចក្តូីប្រកាសព័ត៌មាន

សេចក្តូីប្រកាសព័ត៌មាន

អ្នកសារព័ត៌មាននៅកម្ពុជារបស់យើង មានការសោកស្ដាយបំផុត ក្នុងមួយរយៈចុងក្រោយរហូតមកដល់ចុងឆ្នាំ២០២៤នេះ យើងឃើញមានករណីនៃការឃាត់ខ្លួន ចាប់ខ្លួនអ្នកសារព័ត៌មានមួយចំនួនពាក់ព័ន្ធទៅនឹងការចោទពីបទផ្សេងៗមានជាអាទិ៍ ពីបទកំហែងយក ពីបទរំលោភលំនៅដ្ឋាន ពីបទហិង្សា ជាដើម និងមានការបាញ់ប្រហារដោយជនដៃដល់នៃបទល្មើសព្រៃឈើទៅលើអ្នកសារព័ត៌មាននៅខេត្តសៀមរាបបណ្តាលឱ្យស្លាប់បាត់បង់ជីវិត ហើយត្រូវបានចាប់ឧក្រិដ្ឋជននិងនាំខ្លួនដាក់នៅក្នុងពន្ធនាគារ។
ហើយអ្នកសារព័ត៌មានមួយចំនួនត្រូវបានជាប់គុកដោយសារតែធ្វើសកម្មភាពខ្លះៗដែលជាការប៉ះពាល់ទៅដល់ទីកន្លែងរបស់ពួកក្រុមបទល្មើស។
ក្នុងន័យនេះក្នុងនាមអ្នកសារព័ត៌មានយើងនៅកម្ពុជាសូមថ្កោលទោសចំពោះក្រុមណាមួយឬជនបំផ្លាញសម្បត្តិធនធានធម្មជាតិកម្ពុជា ឬក្រុមបទល្មើសនៃល្បែងស៊ីសងមួយចំនួនដែលតែងតែគិតថាពួកគេមានលុយអាចធ្វើអ្វីបានតែអំពើចិត្ត ធ្វើព្យុះធ្វើភ្លៀងដូចពាក្យគេថាមានលុយអាចបញ្ជាខ្មោចឲ្យកិនម្សៅបាន ។ ទាំងនេះគឺជាអំពើស្មោកគ្រោក របស់ក្រុមជនល្មើសទាំងអស់ដែលធ្វើឲ្យមានផលលំបាក និងផលប៉ះពាល់ជីវិតរស់នៅរបស់ក្រុមគ្រួសារអ្នកសារព័ត៌មានដោយសារតែការប្រកបអាជីពជាអ្នកសារព័ត៌មានដើម្បីបម្រើសង្គមជាតិ។
យើងទាំងអស់គ្នាមិនលើកទឹកចិត្តចំពោះការអនុវត្តច្បាប់ណាមួយដែលផ្ទុយពីច្បាប់ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

រាល់ការអនុវត្តច្បាប់ទាំងអស់ត្រូវតែមានភាពស្មើៗគ្នាចំពោះមុខច្បាប់ អ្នកប្រព្រឹត្តដែលផ្ដល់នូវសម្បទាន ជាវិភាគទាន ជាផលលាភសក្ការ ជាអ្វីៗទាំងអស់ ដោយចាត់ទុកថាជាអំពើខុសច្បាប់នោះ ជននោះក៏ត្រូវតែទទួលនូវទោសទាន់ដូចការឃាត់ខ្លួន និងចាប់អ្នកសារព័ត៌មានដូចគ្នាដែរ។
យើងសង្ឃឹមថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា យើងទាំងអស់គ្នាសូមអំពាវនាវចំពោះរាជរដ្ឋាភិបាលជួយពិនិត្យមើលករណីទាំងឡាយដែលកើតនៅតាមតំបន់ និងទីកន្លែងមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា និងជាករណីដែលអាចចាត់ទុកថាជាករណីដ៏ក្តៅគគុកមួយនេះ។

ក្រោមការដឹកនាំក្នុងអន្តរកាលថ្មីរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អ្នកសារព័ត៌មាននៅកម្ពុជាសង្ឃឹមថាសម្ដេចនឹងវះអាកាត់សាច់ចំពោះជនមួយក្តាប់តូចដែលនៅសម្ងំលាក់ខ្លួនពួនជ្រកកោនក្រោមម្លប់សន្តិភាពដើម្បីធ្វើការអាថ៌កំបាំងមុខដែលមានចរិតលក្ខណៈនាំឱ្យប៉ះពាល់ដល់ដំណើរការដឹកនាំ និងអនុវត្តរាល់នីតិវិធីដែលមិនមានភាពស្មើគ្នាចំពោះការអនុវត្តច្បាប់ណាមួយនោះ។

ក្រោមការដឹកនាំនៃការអនុវត្តច្បាប់ទាំងអស់នោះផងដែរ អ្នកសារព័ត៌មានយើងនៅកម្ពុជាសូមទទូចស្នើរសុំចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ សូមឯកឧត្តមជួយពិនិត្យអំពីទិដ្ឋភាពមួយចំនួន និងទីកន្លែងមួយចំនួនដែលមានក្រុមបទល្មើស ឧក្រិដ្ឋជនបំផ្លាញធនធានធម្មជាតិ ដែលធ្វើសកម្មភាពយកលុយទៅបិទបាំងទៅឲ្យអ្នកដែលជាប់ពាក់ព័ន្ធដើម្បីជាថ្នូរនៅក្នុងការបិទបាំងនៅអំពើទុច្ចរិតចំពោះបុគ្គលណាមួយដែលអនុវត្តច្បាប់មិនសមប្រកប ហើយមានពេលខ្លះអនុវត្តលើសពីច្បាប់ អ្នកសារព័ត៌មានកម្ពុជាសូមលើកទឹកចិត្តចំពោះឯកឧត្តមក្នុងការអនុវត្តទៅលើក្រុមពួកទាំងនោះដោយគ្មានការលើកលែងផងដែរ។

អ្នកសារព័ត៌មានកម្ពុជាក៏គោរពរាល់កិច្ចការរដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីនៃក្រសួងព័ត៌មាន តែងតែយកចិត្តទៅដាក់ធ្វើយ៉ាងណាជួយបណ្ដុះបណ្ដាលបន្ថែមអំពីការខ្វះខាតមួយចំនួនដែលអ្នកសារព័ត៌មានចាំបាច់ត្រូវតែទទួលយកនេះដឹងបន្ថែមក៏ដូចជាបទពិសោធន៍សង្គម  ព្រមទាំងជំរុញរាល់ការផ្សព្វផ្សាយផ្សព្វផ្សាយរាល់សកម្មភាពរបស់រាជរដ្ឋាភិបាលស្ដីអំពីភាពរីកចម្រើននៃការកសាងជាតិទាំងគ្រប់វិស័យ និងធ្វើការផ្សព្វផ្សាយអំពីទិដ្ឋភាពនៃភាពអសកម្មណាមួយនៅទីកន្លែងណាមួយដែលជាការរារាំងឬប៉ះពាល់ដល់ដំណើរការនៅក្នុងការកសាងជានោះផងដែរ។

អ្នកសារព័ត៌មានកម្ពុជា សង្ឃឹមថាថ្នាក់ដឹកនាំកំពូលៗ នឹងចាត់វិធានការទាំងឡាយណាចំពោះការអនុវត្តណាមួយដែលមិនមានភាពស្មើគ្នាមកលើអ្នកសារព័ត៌មាន។
យើងគាំទ្រនិងចូលរួមយ៉ាងសកម្មជាមួយ និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួម រួបរួមគ្នា ក្នុងនាមខ្មែរដូចគ្នា ហើយក៏មិនយកខ្មែរជាសត្រូវជាមួយគ្នានោះដែរ ធ្វើយ៉ាងណានាំគ្នាកសាងជាតិដើម្បីភាពរីកចម្រើននៃកម្ពុជាយើង សូមអរគុណ។

ដោយព្រះឥន្ត្រ