
រឿងដ៏ក្តៅគគុករបស់លោកស្រី ហួយ តារាវី ជុំវិញបញ្ហាទំនាស់ដីធ្លី១៦ហិចតាដោយដោះស្រាយមិនចេញបានអូសបន្លាយជាយូរខែឆ្នាំ ឥឡូវនេះអាជ្ញាធរ និងមន្ត្រីមូលដ្ឋានពាក់ព័ន្ធបានអះអាងហើយ!(វគ្គ២)
រឿងដ៏ក្តៅគគុករបស់លោកស្រី ហួយ តារាវី ជុំវិញបញ្ហាទំនាស់ដីធ្លី១៦ហិចតាដោយដោះស្រាយមិនចេញបានអូសបន្លាយជាយូរខែឆ្នាំ ឥឡូវនេះអាជ្ញាធរ និងមន្ត្រីមូលដ្ឋានពាក់ព័ន្ធបានអះអាងហើយ!(វគ្គ២).
រាជធានីភ្នំពេញ : បន្ទាប់ពីមានការអំពាវនាវរបស់លោកស្រី ហួយ តារាវី ឱ្យអាជ្ញាធរ និងមន្ត្រីមូលដ្ឋានជួយដោះស្រាយអំពីបញ្ហាដីមានចំនួន១៦ហិចតា ដែលលោកស្រីអះអាងថាធ្លាប់កាន់កាប់អាស្រ័យផលបន្តពីពលរដ្ឋទាំង១៨គ្រួសារដែលជាប់គាំងកន្លងមក ឥឡូវនេះគឺមានការឆ្លើយតបត្រឡប់មកវិញតាមរយៈសារព័ត៌មានរបស់យើងធ្វើការសាកសួរទៅអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធខណ្ឌព្រែកព្នៅ។
លោក ចន្ទ រតនះ ជាអនុភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានធ្វើការឆ្លើយតបចំពោះបញ្ហាទំនាស់ដីធ្លីដែលមានទីតាំងខាងលើនេះដោយបានបញ្ជាក់ថាដីនៅក្នុងតំបន់បឹងតាមោកដូចជាដីលោកស្រី ហួយ តារាវី នោះ គឺជាដីអនុក្រឹត្យរបស់រដ្ឋ ហើយពលរដ្ឋបានអាស្រ័យផលពិតប្រាកដមែនគឺចាប់តាំងពី
ឆ្នាំ80ជាងមក ហើយក្រោយមកក៏បានដាក់ចូលអនុក្រឹត្យក៏ប៉ុន្តែពលរដ្ឋមិនសុខចិត្តជុំវិញរឿងទាំងអស់នេះថ្នាក់លើមិនសូវប្រាប់និងមិនសូវឲ្យដឹងនោះទេ ចំពោះលោកក៏អាណិតពលរដ្ឋណាស់ដែរលោកចង់ឱ្យមានការដោះស្រាយឲ្យពួកគាត់ទៅ អាណិតពួកគាត់ដើម្បីឲ្យគាត់អស់ចិត្ត។ លោក ចន្ទ រតនះ បានបន្ថែមទៀតថាដីនេះត្រូវបានកាត់ឱ្យក្រុមហ៊ុនដែលមានម្ចាស់ងារជាឧកញ៉ា ហើយរឿងមួយចំនួនគេរំលងមិនឲ្យលោកដឹងនោះទេ ព្រោះក្រុងបញ្ជាទៅខណ្ឌ ខណ្ឌបញ្ជាទៅសង្កាត់ សង្កាត់បញ្ជាមកលោក ដើម្បីឲ្យធ្វើការតាម ហើយលោកបានត្រឹមតែធ្វើការតាម ចំនែកពលរដ្ឋមិនមានអ្វីទេមានតែការអាស្រ័យផលលើដីកន្លងមកតែប៉ុណ្ណឹង។
សារព័ត៌មានរបស់យើងក៏ចង់ឲ្យលោកបានបញ្ជាក់បន្ថែមទៀតថាតើគម្រោងក្រុមហ៊ុនធ្វើអ្វីដែរ?ហើយកាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៤ថ្មីៗមកនេះតើភាគីខាងអាជ្ញាធរ ឬក៏ខាងក្រុមហ៊ុនដែលជាអ្នកយករបងមកបោះព័ន្ធខាងមុខដីនេះ?
លោកបានប្រាប់មកវិញថា (ការបោះបង្គោលដោយយករបងព័ទ្ធខាងមុខដីនេះប្រហែលជាក្រុមហ៊ុន អាជ្ញាធរគ្រាន់តែមកការពារដើម្បីកុំឲ្យមានបញ្ហា និងខ្លាចមានការកកស្ទះចរាចរណ៍តែប៉ុណ្ណោះដោយឡែកអាជ្ញាធរមិនដឹងធ្វើយ៉ាងម៉េចនោះដែរ ម្ខាងពលរដ្ឋ ម្ខាងក្រុមហ៊ុនមានប័ណ្ណកម្មសិទ្ធិរួចទៅហើយ។ហើយប្រសិនបើក្រុមហ៊ុនមានការយោគយល់គួរជួយពលរដ្ឋផងដែរតាមនឹងទៅ ក្រុមហ៊ុនដែលបានកាត់ឃ្វាលពីរាជរដ្ឋាភិបាលដោះស្រាយមួយគ្រួសារម្នាក់ប៉ុន្មានៗទៅ។ អង្គភាពសារព័ត៌មានរបស់យើងនៅតែចង់ឲ្យលោក ចន្ទ រតនះ បញ្ជាក់បន្ថែមទៀតថាក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋានបានមកតាំងទីលំនៅក្នុងតំបន់នេះចាប់តាំងពីពេលណាមក?
លោកធ្វើការឆ្លើយតបភ្លាមៗផងដែរថា លោកបានមករស់នៅចាប់តាំងពីឆ្នាំ៩០ជាងមកម្ល៉េះ ហើយតើលោកយល់យ៉ាងណាចំពោះរឿងនេះ? ដែរគាត់បន្តប្រាប់ទៀតថា លោកស្រី ហួយ តារាវី ទទួលសិទ្ធិកាន់កាប់អាស្រ័យផលបន្តពីប្រជាពលរដ្ឋទាំង១៨ គ្រួសារយ៉ាងពិតប្រាកដ ឲ្យលោកសូមបញ្ជាក់បន្ថែមទៀតថាលោកពិតជាពិបាកណាស់លើបញ្ជានេះ លោកធ្វើតាមថ្នាក់លើបញ្ជាតែប៉ុណ្ណោះ។
សារព័ត៌មានរបស់យើងក៏បានបន្តធ្វើការសាកសួរលោក អ៊ៀច ប៊ុនផាត ដែលជាចៅសង្កាត់រងគោករកាផងដែរដើម្បីឲ្យលោកបញ្ជាក់ជុំវិញបញ្ហាដីធ្លីរបស់លោកស្រី ហួយ តារាវី ខាងលើ លោក អ៊ៀច ប៊ុនផាត បានបញ្ជាក់យ៉ាងខ្លីថាលោកមិនដឹងច្បាស់ដែរ តែសូមឱ្យធ្វើការមកសាកសួរចៅសង្កាត់ទៅវិញ។ សារព័ត៌មានរបស់យើងបន្តសាកសួរលោកចៅសង្កាត់គោករកា ដែលមានឈ្មោះថា សន សុិន ដើម្បីឲ្យលោកជួយបញ្ជាក់ជុំវិញបញ្ហាទំនាស់កន្លងមក លោកចៅសង្កាត់ក៏បានជម្រាបមកផងដែរថាដីនេះស្ថិតនៅក្នុងអនុក្រឹត្យ ហើយដីអនុក្រឹត្យគឺជាកម្មសិទ្ធិរបស់រដ្ឋ។យើងក៏បានឱ្យលោកបញ្ជាក់ទៀតថាតើបច្ចុប្បន្នជាកម្មសិទ្ធិរបស់នរណាដែរឬទេ?លោក សន សុិន បានប្រាប់ប់មកវិញថាសូមសាកសួរថ្នាក់លើទៅ ព្រោះលោកដឹងតែដីអនុក្រឹត្យរបស់រដ្ឋតែប៉ុណ្ណោះ។
ដើម្បីស្រាយចម្ងល់មហាជនទាំងអស់សារព័ត៌មានរបស់យើងក៏បានបន្តធ្វើការសាកសួរដល់លោក មនោ រត្ន មានតួនាទីកាន់នៅនាយកដ្ឋាននីតិកម្ម ខណ្ឌព្រែកភ្នៅ ដើម្បីសុំអោយលោកជួយបញ្ជាក់ជុំវិញរឿងដីធ្លីដែលមានបញ្ហារបស់លោកស្រី ហួយ តារាវី ដែលអះអាងថាគាត់ជាអ្នកកាន់កាប់អាស្រ័យផលបន្តពីពលរដ្ឋទាំង១៨គ្រួសារ ហើយមានការដោះស្រាយយ៉ាងណានោះដែរ?លោក មនោ រត្ន ក៏បានជម្រាបមកសារព័ត៌មានយើងថាពាក់ព័ន្ធដីអាស្រ័យផលបន្តរបស់លោកស្រី ហួយ តារាវី នោះគឺជាដីស្ថិតនៅក្នុងដីអនុក្រឹត្យបឹងតាមោក ដែលរាជរដ្ឋាភិបាលបានចែងអនុក្រឹត្យចាប់តាំងពីរឆ្នាំ២០១៦មកម៉្លេះ ខាងលោកគ្រាន់តែជាកន្លែងសម្របសម្រួលតែប៉ុណ្ណោះ។លោកបន្តប្រាប់ទៀតថាដីនេះលោកស្រីពិតជាបានកាន់កាប់តាមចាប់តាំងពីឆ្នាំ២០២១មក ហើយលោកសូមអធ្យាស្រ័យមិនហ៊ានឆ្លើយសំណួរដែលថាជុំវិញថាតើមានក្រុមហ៊ុនណាជាអ្នកកាន់កាប់នោះ។
សារព័ត៌មានរបស់យើងបន្តធ្វើការសាកសួរបន្ថែមជាបន្តបន្ទាប់ទៀតចំពោះលោក ធឹម សំអាន ជាអភិបាលខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីឲ្យលោកបញ្ជាក់អំពីបញ្ហាដីរបស់លោកស្រី ហួយ តារាវី ពេលនោះលោក ធឹម សំអាន ក៏បានជម្រាបខ្លីៗផងដែរថាប្រសិនបើបងស្រីមានឯកសារ សូមមកដាក់នៅរដ្ឋបាលខណ្ឌមក តែសុំឱ្យឯកសារមានគតិយុតត្រឹមត្រូវ នោះរដ្ឋបាលខណ្ឌនឹងដោះស្រាយជូន ហើយលោកអភិបាលខណ្ឌរូបនោះបានបញ្ជាក់ទៀតថាខ្លាចតែឯកសារមិនពិតមកឲ្យរដ្ឋបាលខណ្ឌធ្វើ តើរដ្ឋបាលខណ្ឌធ្វើយ៉ាងម៉េច?
សូមរំលឹកឡើងវិញថាបញ្ហាស្នើរសុំចំពោះការដោះស្រាយទំនាស់ដីធ្លីរបស់លោកស្រី ហួយ តារាវី ដែលអូសបន្លាយយូរខែឆ្នាំមកនេះបានធ្វើឲ្យសាធារណៈជន ក៏ដូចជាសង្គមស៊ីវិលនៅបន្តតាមដានដោយយកចិត្តទុកដាក់ថាតើលទ្ធផលនឹងមានការដោះស្រាយជូនលោកស្រីយ៉ាងណាដែរនោះបើប្រៀបធៀបទៅនឹងប្រជាពលរដ្ឋរាប់រយគ្រួសារដែលបានទទួលការដោះស្រាយរួចរាល់ស្ថិតនៅក្នុងភូមិសាស្ត្រអភិវឌ្ឍន៍បឹងតាមោក ភូមិកប់ស្រូវធំ សង្កាត់គោករកា ខាន់ព្រែកព្នៅ រាជធានីភ្នំពេញ។
អង្គភាពសារព័ត៌មានរបស់យើងក៏រង់ចាំបន្តការដើម្បីទទួលប្រភពពាក់ព័ន្ធទាំងអស់បន្ថែមទៀតប្រសិនបើមានដើម្បីធ្វើការចេញផ្សាយជាបន្តបន្ទាប់ដោយអនុវត្តតាមច្បាប់ស្ដីពីរបបសារព័ត៌មាននៅកម្ពុជា សូមអរគុណ។