ល្បីតៗគ្នាថាឈ្មួញជាឧក្រិដ្ឋជនព្រៃឈើមិនមែនជាទេវតាចុះមកពីឋានណាទេ គឺជាឈ្មួញសកម្មបំផ្លាញព្រៃឈើដែលជ្រកកោនក្នុងស្រុកតំបន់!

ល្បីតៗគ្នាថាឈ្មួញជាឧក្រិដ្ឋជនព្រៃឈើមិនមែនជាទេវតាចុះមកពីឋានណាទេ គឺជាឈ្មួញសកម្មបំផ្លាញព្រៃឈើដែលជ្រកកោនក្នុងស្រុកតំបន់!

ខេត្តកំពង់ស្ពឺ : បើយោងតាមសេចក្តីរាយការណ៍ពីប្រភពពលរដ្ឋថា ការកាប់បំផ្លាញអនុផលព្រៃឈើនៅតែបន្តឥតស្រាកស្រាន្តកន្លងមកដែលជាហេតុនាំឱ្យសាធារណៈជនមានការរិះគន់ និងបានជំរុញឲ្យអ្នកសារព័ត៌មានទៅប្រមាញ់ដើម្បីធ្វើការចេញផ្សាយព័ត៌មាន តែទីបំផុតអ្នកសារព័ត៌មានពីររូបត្រូវបានសមត្ថកិច្ចវាយខ្នោះក្រោមការបញ្ជាមកកម្លាំងសមត្ថកិច្ចនគរបាលស្រុកឱរ៉ាល់ដើម្បីធ្វើការឃាត់ និងចាប់អ្នកសារព័ត៌មានទាំងពីរនាក់ថ្មីៗកន្លងមកនេះ និងនាំឲ្យប្រសិទ្ធភាពនៃការអនុវត្តច្បាប់ក្នុងការរក្សាការពារអនុផលព្រៃឈើត្រូវចុះខ្សោយមួយកំរិត។
ជាការពិតជាក់ស្ដែងមួយរយៈកាលកន្លងមកនេះដោយយោងតាមប្រជាពលរដ្ឋមួយចំនួនថាបុគ្គលល្បីឈ្មោះដុះស្លែមួយចំនួនដែលជាអ្នកដឹកជញ្ជូនបទល្មើសព្រៃឈើអនុផលព្រៃឈើនេះគឺមានឈ្មោះថា ចែនី លោក រិន និងបុគ្គលមួយចំនួនទៀតដែលជាបុគ្គលមុខសញ្ញារបស់ដែនសមត្ថកិច្ច និងមន្ត្រីដែលមានតួនាទីបង្ក្រាបបទល្មើសព្រៃឈើនោះផងដែរ។
ព្រៃឈើត្រូវបានដឹកជញ្ជូនពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងតំបន់ជាប់ខេត្តពោធិ៍សាត់ ដូចជា បឹងខ្លុង ស្រែត្រាវ ជាដើម  គ្រប់ៗគ្នាសូមឱ្យប្រធានដែនជម្រកក្នុងតំបន់ទាំងអស់នោះសូមមានវិធានការផងដែរ។ ចំពោះការដឹកជញ្ជូនតាមគោយន្តកន្ត្រៃ និងប្រភេទរថយន្តផ្សេងៗគ្នាជាច្រើនទាំងថ្ងៃទាំងយប់។

ប្រភពនៅតែបញ្ជាក់បន្តថែមទៀតថា បុគ្គលពីររូបនេះ និងមានលើសពីនេះតែងតែធ្វើព្យុះធ្វើភ្លៀង ដែលឱ្យសមត្ថកិច្ចស្ទើរតែវង្វេងដោយសារតែពួកគេ ឬក្រុមពួកគេ ពេលខ្លះក៏ត្រូវមន្ត្រីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ធ្វើការបង្ក្រាបបាន ពេលខ្លះបង្រ្កាបមិនបាន ជាក់ស្ដែងនៅថ្ងៃទី៦ ខែកក្កដា
និងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ថ្មីៗកន្លងមកនេះ ការដឹកជញ្ជូនព្រៃឈើតាមគោយន្តកន្ត្រៃ និងប្រភេទរថយន្តមួយចំនួនកន្លងមកក៏នៅតែបន្តដោយឆ្ពោះចូលក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងធ្វើការស្តុកនៅក្នុងទីតាំងសិប្បកម្មមួយចំនួន ក្នុងការកែច្នៃឬក៏បញ្ជូនទៅលក់បន្តតាមទីកន្លែងដទៃៗទៀតតាមឈ្មួញដែលឃុបឃិតគ្នាចងជាប្រព័ន្ធឬជាក្រុមក្នុងគោលដៅបំផ្លាញធនធានសម្បត្តិធម្មជាតិកម្ពុជា។

ដើម្បីបញ្ជាក់អំពីព័ត៌មានលម្អិតជាងនេះបណ្ដាញផ្សព្វផ្សាយសារព័ត៌មានរបស់យើងក៏សូមធ្វើការអនុញ្ញាតិឲ្យលោក សុធា ជានាយខណ្ឌព្រៃឈើដើម្បីសូមមានការបញ្ជាក់បន្ថែមជុំវិញការលើកឡើងថាមូលហេតុអ្វីបានជាមានការកាប់កាប់បំផ្លាញព្រៃឈើ និងការដឹកជញ្ជូនព្រៃឈើយ៉ាងគគ្រឹកគគ្រេងដូច្នោះ!
ចំពោះលោក សុ ធា បានបញ្ជាក់យ៉ាងខ្លីមកថា លោកទើបតែទទួលភារកិច្ចការងារនេះបានរយៈពេលខ្លីនោះទេ ហើយលោកហាក់ដូចជាមិនទាន់បានដឹងនៅអ្វីដែលកើតឡើងនោះផងដែរ។
ថាអត់លើកឡើងរបស់លោក សុធា ហាក់ដូចជាមានការគ្រប់គ្រងមិនទាន់បានសបជ្រុងជ្រោយក្នុងតំបន់នោះ។

តែទោះជាយ៉ាងណាក៏ដោយបណ្ដាញផ្សព្វផ្សាយសារព័ត៌មានរបស់យើង នឹងបន្តធ្វើការសាកសួរបន្ថែមចំពោះលោក លាង ដែលមានតួនាទីមេដែនជម្រកសត្វព្រៃឈើភ្នំឧិរ៉ាល់ លោកបានជម្រាបមកវិញថា លោកមិនបានដឹងនោះទេ តែកន្លងមកលោកធ្លាប់បានធ្វើការបង្ក្រាបចាប់បានខ្លះផងដែរ ហើយលោកនឹងធ្វើការងារនេះបន្ថែមដោយដាក់កម្លាំងមើលកម្មភាពនៃការដឹកជញ្ជូនព្រៃឈើថែមទៀត។ ជុំវិញការទទួលស្គាល់ក្នុងការបង្ក្រាបបទល្មើសព្រៃឈើដោយមានការដឹកតាមគោយន្តកន្ត្រៃ ឬរថយន្តមួយចំនួនគឺប្រាកដណាស់អ្នកប្រព្រឹត្តនៅបទល្មើសព្រៃឈើនៅតែមិនខ្លាចនៅរាល់ការអនុវត្តច្បាប់របស់ដែនជម្រកសត្វព្រៃដដែលជាដដែល ហើយសាធារណជនដែលបានដឹង និងផ្ដល់ប្រភពក្នុងន័យជួយរក្សាការពារសម្បត្តិធនធានធម្មជាតិកម្ពុជានិងសង្ឃឹមថាលោក លាង និងមានវិធានការក្តៅជាងនេះចៀសវាងឧក្រិដ្ឋជនព្រៃឈើបន្តវិនាសកម្ម អោយរឹតតែធ្វើអោយថ្នាក់ដឹកនាំកំពូលៗពិបាកនឹងទទួលយកនូវទង្វើរបស់ក្រុមបណ្ដាញឧក្រិដ្ឋជនព្រៃឈើទាំងអស់នេះ។

ដោយឡែកលោក ចាន់ថេត ជាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅមិនទាន់បានបញ្ជាក់ពិស្ដារនៅឡើយនោះទេ ដោយទូរសព្ទធ្វើការទំនាក់ទំនងទៅមានភាពរអាក់រអួលស្ដាប់គ្នាមិនបាន ដើម្បីសុំធ្វើការសាកសួរអំពីបញ្ហានៃការទន្ទ្រានដោយចាប់បំផ្លាញព្រៃឈើក្នុងតំបន់សត្វព្រៃភ្នំឱរ៉ាល់។

 

យើងសូមរំលឹកថាបើយោងតាមអនុក្រឹត្យដែលត្រូវបានចេញសារាចរណ៍ដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងបទដ្ឋានមួយចំនួនដែលបានបង្ហាញឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពដើម្បីជៀសវាងអ្វីបានកើតឡើង និងកំពុងកើតឡើងនៅក្នុងទីតាំងដែលជាទីកន្លែងច្បាប់មិនត្រូវបានអនុញ្ញាត និងមានការហាមឃាត់លើការបំផ្លិចបំផ្លាញអនុផលព្រៃឈើដែលត្រូវបានចែង និងឲ្យអនុវត្តជាធរមាន។

ចំពោះសេចក្តីប្រកាសលេខនៃសារាចរណ៍នីមួយៗក៏ត្រូវបានកំណត់នូវទោសទណ្ឌចំពោះបុគ្គលសាធារណៈឬរូបវន្តបុគ្គលណាដែលបំពានទៅលើការចូលរួមបំផ្លិចបំផ្លាញសម្បត្តិធនធានធម្មជាតិដែលរាជរដ្ឋាភិបាលបានបន្តការចូលរួមរក្សាផងដែរនោះ ។

សេចក្តីប្រកាសថ្មីៗកន្លងមកនេះនឹងធ្វើការដាក់ផ្សព្វផ្សាយជាសាធារណៈស្ទើរតែគ្រប់ទីកន្លែងនៅក្នុងតំបន់ហាមឃាត់ដើម្បីឲ្យបានឃើញគ្រប់ៗគ្នាថាអ្នកដែលបានចូលរួមការកាប់បំផ្លាញព្រៃឈើត្រូវមានទោសទណ្ឌ ចាប់ពីចន្លោះ ៥ឆ្នាំ រហូតដល់១០ឆ្នាំ ឬលើសពីនេះទៅតាមការប្រព្រឹត្តជាធរមាន។

អង្គការសង្គមស៊ីវិលក៏ដូចជាសាធារណៈជនទូទៅសង្ឃឹមថាក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមអ៊ាង សុផាឡែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជានិច្ចជាកាលតែងតែធ្វើការអនុវត្តច្បាប់ដោយមិនលើកលែងចំពោះការកាប់បំផ្លាញព្រៃឈើលើបុគ្គលដែលពាក់ព័ន្ធចូលរួមក្នុងសកម្មភាពណាក៏ដោយឲ្យតែជាការបំផ្លាញនូវធនធានសម្បត្តិធម្មជាតិកម្ពុជា។
ហើយក្នុងអន្តរកាលថ្មីដែលឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ប្រាកដណាស់លោកនឹងមានវិធានការច្បាប់ទាំងអស់នោះដោយមានជំនឿជឿជាក់ចេញពីប្រជាពលរដ្ឋទូទៅក្នុងការអនុវត្តច្បាប់របស់រដ្ឋបាលខេត្តកំពង់ស្ពឺក្រោមការដឹកនាំរបស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ។

ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើងនឹងធ្វើការចូលរួមផ្សព្វផ្សាយព័ត៌មានដើម្បីជម្រាបដំណឹងជូនចំពោះមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធឲ្យមានការអធិការកិច្ច និងមានចំណាត់ការចំពោះបទល្មើសដែលបំផ្លាញព្រៃឈើ ដែលជាហេតុនាំឲ្យអន្តរាយទាំងព្រៃឈើ សត្វព្រៃ ឬបក្សី ឬអាចឈានដល់រំលោភបំពានយកដីរបស់រដ្ឋទៅលក់ក៏មាន ហើយទាំងអស់នេះគឺជាក្តីវិនាសប៉ះពាល់ដល់ប្រទេសជាតិកម្ពុជាដោយសារតែឧក្រិដ្ឋជនបំផ្លាញព្រៃឈើ នៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។

ដោយ :ព្រះឥន្ទ្រ