គណៈកម្មាធិការផ្សារថ្មីអះអាងថាជុំវិញរឿងយកលុយថ្លៃសំបុត្រ៣០០រៀល តែយក១០០០រៀលទៅវិញដែលលើសចំនួនផ្ទុយពីប័ណ្ណកំណត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺពាក់ព័ន្ធទៅនឹង(ក្រុមហ៊ុនអានកូ)ព្រមទាំងការលើកឡើងអំពីចំណតរថយន្តដែលបានចតលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ ខណៈដែលពលរដ្ឋបានធ្វើការស្នើសុំឲ្យអាជ្ញាធរ និងក្រសួងពាក់ព័ន្ធសូមមេត្តាមានការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងធ្វើការចុះអធិការកិច្ចចំពោះបញ្ហាខាងលើ!
គណៈកម្មាធិការផ្សារថ្មីអះអាងថាជុំវិញរឿងយកលុយថ្លៃសំបុត្រ៣០០រៀល តែយក១០០០រៀលទៅវិញដែលលើសចំនួនផ្ទុយពីប័ណ្ណកំណត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺពាក់ព័ន្ធទៅនឹង(ក្រុមហ៊ុនអានកូ)ព្រមទាំងការលើកឡើងអំពីចំណតរថយន្តដែលបានចតលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ ខណៈដែលពលរដ្ឋបានធ្វើការស្នើសុំឲ្យអាជ្ញាធរ និងក្រសួងពាក់ព័ន្ធសូមមេត្តាមានការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងធ្វើការចុះអធិការកិច្ចចំពោះបញ្ហាខាងលើ!
រាជធានីភ្នំពេញ :បន្ទាប់ពីមានការលើកឡើងតាមរយៈប្រពន្ធផ្សព្វផ្សាយសារព័ត៌មានកន្លងមកស្ដីអំពីតម្លៃថ្លៃសំបុត្រម៉ូតូចេញចូលដែលដាក់នៅលើក្រដាសដែលមាននិមិត្តសញ្ញារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងតម្លៃ៣០០រៀលសម្រាប់បញ្ញើម្ដងតែបែទៅជាយកតម្លៃសំបុត្រម៉ូតូមួយគ្រឿងដល់ ១០០០រៀលក្នុងបញ្ញើផ្ញើម្ដងកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មកនេះ។
ប្រជាពលរដ្ឋមួយចំនួនក៏មានការឆ្ងល់ និងមានការរិះគន់អំពីអ្វីដែលជាទង្វើដូច្នោះអ្នកខ្លះក៏មានឆ្ងល់ហើយតែមិនហ៊ាននិយាយ ហើយអ្នកខ្លះក៏មិនអស់ចិត្តចំពោះភាពមិនប្រក្រតីមួយនេះ រីឯអ្នកខ្លះទៀតក៏ហួសចិត្តដោយលាន់មាត់ពីមួយទៅមួយថាធ្វើអញ្ចឹងមិនត្រូវទេគឺប្រៀបដូចធ្វើស្រែលើខ្នងរាស្ត្រ ឬអាចនិយាយមួយបែបទៀតថា(កន្ទាលធំបន្លំដេក)។
ដោយឡែកផងដែរនោះរឿងមួយទៀតដែលមានភាពរញ៉េរញៃមួយចំនួនចំពោះបរិវេណផ្សារធំថ្មីខាងលិចផ្លូវសាធារណៈរបស់រដ្ឋជាពិសេសនៅផ្នែកខាងលិច ដោយមានរថយន្តមួយចំនួនបានចតនៅចិញ្ចើមផ្លូវសាធារណៈទាំងអស់នោះបណ្ដាលឲ្យមានការកកស្ទះ រថយន្តខ្លះមួយចំនួនបើកបញ្ច្រាសទិសដើម្បីធ្វើការចត គឺជាកត្តាដែលនាំឲ្យប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរមានការធុញទ្រាន់ និងមិនសប្បាយចិត្តចំពោះរថយន្តទាំងអស់នោះដែលបានឈប់ក្រៅចំណតរបស់ក្រុមហ៊ុន(អានកូ) ដែលប្រជាពលរដ្ឋមួយចំនួនក៏មិនបានដឹងថាផ្លូវជាប់បរិវេណផ្សារធំថ្មីត្រូវបានជាកម្មសិទ្ធិចំណតរបស់ក្រុមហ៊ុនលើផ្លូវសាធារណៈរបស់រដ្ឋនោះទេ!
តែទោះជាយ៉ាងណាក៏ដោយលោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារថ្មី បានធ្វើការផ្តល់ព័ត៌មានត្រឡប់មកប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់យើងឡើងវិញជាលើកទី២ខណៈដែលកន្លងមកលោកស្រី ប៉ុន ដានី ហាក់ដូចជាមិនចង់និយាយទៅតាមរយៈទូរសព្ទដៃឬបណ្ដាញអីណានោះទេក៏ព្រោះតែលោកស្រីខ្លាចអ្នកសារព័ត៌មានយកសំឡេងធ្វើការចេញផ្សាយ ក៏ប៉ុន្តែលើកនេះនៅថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ ២០២៥ លោកស្រី ប៉ុន ដានី បានបញ្ជាក់នូវចំណុចមួយចំនួនថា:
រឿងទីមួយជុំវិញរឿងតម្លៃសំបុត្រដែលត្រូវបានដាក់និមិត្តសញ្ញារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តម្លៃ៣០០រៀលទៅ១០០០រៀលនោះសម្រាប់បញ្ញើផ្ញើម៉ូតូសម្រាប់មួយដង និងការផ្ញើរថយន្តលើចំណតបរិវេណផ្សារថ្មីនោះក្នុងតម្លៃណាមួយ គឺជាការទទួលខុសត្រូវរបស់(ក្រុមហ៊ុនអានកូ)ដែលជាអ្នកដេញថ្លៃបានចេញពីរដ្ឋ ហើយលោកស្រីបានបញ្ជាក់ទៀតថាមិនមានពាក្យបណ្ដឹងពីបងប្អូនប្រជាពលរដ្ឋចំពោះតម្លៃថ្លៃនៃបញ្ញើម៉ូតូ ៣០០ទៅ១០០០ិ រៀលនោះទេក្នុងឆ្នាំ២០២៥។ ក៏ប៉ុន្តែប្រសិនបើមានលោកស្រីនឹងអញ្ជើញខាងតំណាង(ក្រុមហ៊ុនអានកូ)ធ្វើការដោះស្រាយជាមួយគណៈកម្មាធិការផ្សារនៅពាក្យបណ្ដឹងនោះ ហើយករណីណាដែលជាបញ្ហាធំជាងនោះគណៈកម្មាធិការសារនឹងបញ្ជូនបញ្ហារឿងនោះទៅឲ្យខាងរដ្ឋបាលខណ្ឌឬក៏សាលារាជធានីភ្នំពេញជាអ្នកដោះស្រាយ ហើយស្របពេលជាមួយគ្នានោះផងដែរសម្រាប់បញ្ហានៃរឿងទី២ពាក់ព័ន្ធទៅនឹងចំណតរថយន្តដែលដាក់នៅលើដងផ្លូវសាធារណៈ លោកស្រីបានបញ្ជាក់ថា ខាងម្ចាស់ផ្ទះនៅខាងមុខផ្សារថ្មីមិនមានកន្លែងដាក់រថយន្តទេ ផ្ទះខ្លះក៏មានរថយន្តលើសពីមួោយគ្រឿង ហើយអ្នកមើលការខុសត្រូវឬក៏សម្របសម្រួលកុំឱ្យម្ចាស់ផ្ទះអាក់អន់ស្រពន់ចិត្តធ្វើយ៉ាងណាលោកស្រីមិនចង់ឲ្យមានរឿងអីកើតឡើងនោះទេ គឺលោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារថ្មី បញ្ជាក់ម្ដងហើយម្ដងទៀតថាលោកស្រីសុំតែសុខតែប៉ុណ្ណោះ។
សុំរំលឹកឡើងវិញថាកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងមកនេះ ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើងបានធ្វើការចុះផ្សាយដោយមានខ្លឹមសារដូចខាងក្រោមថា :
(បើយោងតាមប្រភពព័ត៌មានដែលយើងទទួលបានកាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ដីអំពីការទទួលប្រាក់ថ្លៃបញ្ញើផ្ញើម៉ូតូដែលមានភាពមិនប្រក្រតីដែលនាំឱ្យសាធារណៈជនទូទៅមានការរិះគន់អំពីសកម្មភាពក៏ដូចជាទង្វើបែបបន្លំភ្នែកប្រជាពលរដ្ឋទូទៅដែលពួកគេបានធ្វើដំណើរចេញចូលជាប្រចាំសម្រាប់ការចូលធ្វើការងារបើករកសុីលក់ដូរ ឬប្រជាពលរដ្ឋមួយចំនួនដែលបានផ្ញើម៉ូតូដើម្បីចេញចូលទិញវត្ថុឬទំនិញនៅក្នុងទីផ្សារធំថ្មីដែលមានទីតាំងស្ថិតនៅសង្កាត់(ផ្សារថ្មី១+២) ខណ្ឌដូនពេញន រាជធានីភ្នំពេញ។
សាធារណៈជនបានលើកឡើងចំៗថា គោលការណ៍របស់ម្ចាស់ផ្សារបានកំណត់យកតម្លៃថ្លៃម៉ូតូមួយគ្រឿង៣០០រៀលដែលជាប័ណ្ណដាក់រូបនិមិត្តសញ្ញារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជានៅលើសំបុត្រសម្រាប់មួយដង ក៏ប៉ុន្តែបែរជាទៅយកតម្លៃថ្លៃរហូតដល់១០០០រៀល សម្រាប់ម៉ូតូ១គ្រឿងទៅវិញ? រីឯផ្នែកនៅបរិវេណផ្សារធំថ្មីទាំងមូលមានដូចជាកន្លែងខ្លះនៅផ្នែកខាងលិចមានរថយន្តដាក់នៅផ្នែកអមទាំងសងខាងផ្លូវមួយចំនួន ដែលជាផ្លូវសាធារណៈរបស់រដ្ឋសម្រាប់ឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅហើយនិងមក ក៏ប៉ុន្តែរថយន្តមួយចំនួនត្រូវបានចតនៅលើទ្រូងផ្លូវទាំងអស់នោះដោយមានអ្នកគ្រប់គ្រងមើលការខុសត្រូវដើម្បីជាថ្នូរនឹងលុយទៅវិញ។
ហើយអ្នកខ្លះក៏បើកឡានបញ្ច្រាសទិសដើម្បីធ្វើការចតលើចំណតទាំងនោះ។ជាក់ស្ដែងដូចមានការបង្ហោះលើកបណ្ដាញសង្គមកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្មីៗកន្លងមកនេះ ឈានដល់មានការរិះគន់ដល់សាធារណៈជនថា ឱ្យនៅតែដូច្នេះផ្លូវសាធារណៈរបស់រដ្ឋនឹងក្លាយជាកម្មសិទ្ធិផលប្រយោជន៍ផ្ទាល់ខ្លួនរបស់បុគ្គលមួយចំនួនដែលយកផ្លូវសាធារណៈនេះទៅធ្វើអាជីវកម្ម និងជាទម្លាប់អាក្រក់សម្រាប់ឱ្យទីកន្លែងផ្សេងទៀតយកគំរូតាម។
ជុំវិញការរិះគន់ទាំងអស់នេះអង្គភាពសារព័ត៌មានរបស់យើងក៏ធ្វើការសាកសួរទៅលោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារថ្មី ដើម្បីឲ្យលោកស្រីជួយបញ្ជាក់អំពីករណីខាងលើនេះ សម្រាប់លោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារថ្មី ខណៈដែលទូរសព្ទដៃរបស់យើងបានធ្វើការហៅទៅហើយមានការចុចបិទប្រហែលអាចជាលោកស្រីជាប់រវល់ មួយសន្ទុះក្រោយមកលោកស្រីបានខលត្រឡប់មកអង្គភាពសារព័ត៌មានរបស់យើងវិញ ដោយលោកស្រីបានបញ្ជាក់មកវិញថា ចំណុចរថយន្តបរិវេណផ្សារធំថ្មីគឺជាចំណតរបស់(ក្រុមហ៊ុនអានកូ ) ហើយលោកស្រីហាក់ដូចជាមិនហ៊ានឆ្លើយនៅសំណួរជុំវិញថាតើការយកលុយថ្លៃម៉ូតូ៣០០រៀលបែរជាយកលុយ១០០០រៀលនោះ? សម្រាប់លោកស្រីបាននិយាយយ៉ាងខ្លីថាលោកស្រីមិនចង់និយាយតាមទូរសព្ទដៃអីទេខ្លាចអ្នកកាសែតយកទៅសម្លេងលោកស្រីទៅចុះផ្សាយជាសាធារណះ នាំឲ្យកើតជារឿង លោកស្រីមិនចង់មានរឿងទេសុំតែសុខ បើមានការអីឱ្យមកផ្សារថ្មីមក។
ដោយឡែកប្រជាពលរដ្ឋមួយចំនួនក៏ទទូចស្នើសុំឲ្យលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញសូមចាត់មន្ត្រីក្រោមឱវាទជួយត្រួតពិនិត្យមើលទីសាធារណៈនៅបរិវេណជុំវិញផ្សារថ្មីដែលត្រូវបានមានការយកចំណីផ្លូវទៅធ្វើជាទីកន្លែងសម្រាប់ផ្ញើរថយន្តទៅវិញផងដែរ។
ជាងនេះទៅទៀតសាធារណៈជនក៏នៅតែសំណូមពរឲ្យឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមចាត់មន្ត្រីនៃនាយកដ្ឋានពាក់ព័ន្ធត្រួតពិនិត្យមើលសំបុត្របញ្ញើផ្ញើម៉ូតូដែលខុសប្រក្រតីនៃការអនុវត្តរបស់ការគ្រប់គ្រងផ្សារធំថ្មីផងចុះ។
សូមរំលឹក និងបញ្ជាក់ឡើងវិញថាផ្សារធំថ្មីគឺជាសំណង់ត្រូវបានកសាងឡើងនៅឆ្នាំ ១៩៣៥–១៩៣៧។ សំណង់ និងម៉ូដនៃផ្សារនេះមានលក្ខណះលេចធ្លោក្នុងចំនោម សំណង់នានានៅក្រុងភ្នំពេញត្រូវបានចេញម៉ូតដោយស្ថាបត្យករ បារាំង គឺលោក Louis Chauchon ហើយដឹកនាំសាង សង់ដោយស្ថាបត្យករពីរូប គឺលោក Jean Desbois និង Wladimir Kandaouroff។ ក្រោយមក្នុងជំនាន់ សង្គ្រាមបារាំង-ថៃ (១៩៤០-៤១) ផ្សារធំថ្មីត្រូវបានយន្ត ហោះថៃទម្លាក់គ្រាប់បែក បង្ករឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។
ផ្សារធំថ្មីជាផ្សារដែលមានប្រជាប្រិយភាពពីសំណាក់ភ្ញៀវទេសចរ និងអ្នករស់នៅ ភ្នំពេញដែលមានមនុស្សអ៊ូអរគ្រប់ពេល។ ភ្ញៀវដែលមកកម្សាន្តអាចជាវនូវផលិតផលស្រស់ និងចម្អិនជាច្រើនមុខ គ្រឿងអលង្ការ នាឡិកា ស្បែកជើង សម្ភារៈសិក្សា ផ្កាស្រស់ សម្លៀកបំពាក់ រួមមានអាវយឺត និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត)។
យ៉ាងណាក៏ដោយថ្វីត្បិតតែមានការបកស្រាយពីលោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារថ្មី គឺសម្រាប់សាធារណៈជនក៏ចង់ចោទជាសំណួរមួយចំនួនថា :
-តើមូលហេតុអ្វីបានជាវិក័យប័ត្រនៃសំបុត្រដែលត្រូវបានវត្តប្រថាប់ត្រាដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំណត់លើតម្លៃ៣០០០រៀលបែជាខាង(ក្រុមហ៊ុនអានកូ)យកទៅដល់តម្លៃទៅមួយគ្រឿងសម្រាប់បញ្ញើម្ដងចំនួន១០០០រៀល?
-តើមូលហេតុអ្វីបានជាទាល់តែមានពាក្យបណ្ដឹងពីបណ្ដាប្រជាពលរដ្ឋជុំវិញរឿងតម្លៃសំបុត្របញ្ញើម៉ូតូឬរថយន្តដែលលើសពីអត្រានៃតម្លៃដែលប្រថាប់ត្រាដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទើបមានការដោះស្រាយជូន ខណៈដែលតម្លៃនោះខុសពីអ្វីដែលបានកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាស្ថាប័នរបស់រដ្ឋតម្រូវឱ្យយកត្រឹមតម្លៃណាមួយដូចក្នុងតម្លៃបញ្ញាម៉ូតូ៣០០ រៀលទៅយក១០០០ជាដើម?
-តើការយកលើសនោះក្នុងគោលបំណងអ្វី? ធ្វើដើម្បីអ្វី? ប្រសិនបើអត្រាតម្លៃដែលត្រូវបានកំណត់ដោយច្បាប់រួចរាល់ហើយ តើតម្លៃលើសនោះមានបានបង់ពន្ធអាករជូនរដ្ឋដែរឬទេ?
-តើបញ្ហាទាំងលើអាចជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយណាមួយដែរឬយ៉ាងណា?
-ក្នុងករណីផ្លូវសាធារណៈរបស់រដ្ឋ បើយោងតាមច្បាប់ត្រូវបានកំណត់ដោយមិនមានរថយន្តណាមកជាប់លើដងផ្លូវសាធារណៈរបស់រដ្ឋនោះទេ ក៏ប៉ុន្តែប្រសិនបើដូចអ្វីជាការលើកឡើងរបស់លោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារថ្មី ដោយច្បាប់ដែលត្រូវបានចែងឲ្យពលរដ្ឋគ្រប់គ្នាគោរពច្បាប់ នុងឲ្យមានភាពស្មើគ្នាចំពោះមុខច្បាប់នោះ តើអ្នកអនុវត្តច្បាប់យល់យ៉ាងណាដែរ?
-ហើយប្រសិនបើក្នុងទីតាំងកន្លែងផ្សេងអនុវត្តដូច្នេះតើបុគ្គលគ្រប់រូបអាចយកទម្លាប់ជំនួសឲ្យច្បាប់បានដែរឬទេ?
តែទោះជាយ៉ាងណាក៏ដោយក៏អង្គការសង្គមស៊ីវិល និងសាធារណៈជនទូទៅនៅតែជឿជាក់ទៅលើការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពរបស់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធរបស់ស្ថាប័នពាក់ព័ន្ធទីមួយៗផងដែរ ហើយក្នុងករណីខាងលើនេះអង្គការសង្គមស៊ីវិលក៏ដូចជាសាធារណជននឹងរង់ចាំឃ្លាំមើលជាបន្តបន្ទាប់បន្ថែមទៀត។
ដោយឡែកសម្រាប់ប្រព័ន្ធនៃបណ្ដាញផ្សព្វផ្សាយរបស់យើងនៅតែបន្តទទួលយកនូវរាល់ប្រភពពាក់ព័ន្ធទាំងឡាយណាបន្ថែមជាបន្តបន្ទាប់គ្រប់ពេលវេលាផងដែរ ដើម្បីធ្វើការចេញផ្សាយបន្ថែម និងជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកែតម្រូវអ្វីដែលជាផលអវិជ្ជមានរបស់សង្គមជាតិប្រកបដោយផ្លែផ្កា ជាពិសេសផងដែរនោះគឺរាល់ការខ្វះចន្លោះប្រហោងណាមួយពីសំណាក់អាជ្ញាធរ ឬមន្ត្រីពាក់ព័ន្ធទាំងអស់ក្នុងទិសដៅចូលរួមជាមួយនឹងការអភិវឌ្ឍន៍ជាតិកម្ពុជាឲ្យមានការរីកចម្រើនស្របតាមអ្វីដែលជាតម្លាភាពក្នុងប្រព័ន្ធសាធារណៈរបស់រដ្ឋក៏ដូចជាវិស័យឯកជនផងដែរ សូមអរគុណ៕